08 July 2016
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីស្តង់ដារកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ទាក់ទងនឹងការគ្រប់គ្រងសារធាតុគីមី ក្រោមអធិបតីភាព របស់ ឯកឧត្ដម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន/រោងចក្រ/សហគ្រាស/ សិប្បកម្ម ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ នាំចេញ នាំចូល ផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីក្នុងវិស័យ ឧស្សាហកម្ម។គោលបំណងសំខាន់នៃកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺដើម្បី៖ ឲ្យក្រុមហ៊ុន/រោងចក្រ/សហគ្រាស/សិប្បកម្មទាំងអស់ ដែលមានពាក់ព័ន្ធនឹងការប្រើប្រាស់ នាំចេញ នាំចូល ផ្គត់ផ្គង់ និងចែកចាយសារធាតុគីមី បានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ព្រមទាំងបានយល់ដឹងអំពីបែបបទ និងនីតិវិធីនៃការស្មើសុំលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណប្រើប្រាស់ នាំចេញ នាំចូល ផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីក្នុងវិស័យឧស្សាហកម្ម ទប់ស្កាត់រាល់ការបង្វែរសារធាតុគីមីពីជំនួញត្រឹមត្រូវស្របច្បាប់យកទៅផលិតគ្រឿងញៀន ឬ ប្រើក្នុង សកម្មភាពភេរវកម្ម ឬ ផលិតអាវុធគីមីជីវសាស្រ្ត និង បង្ការការប្រើសារធាតុគីមីទៅប្រព្រឹត្តអំពើល្មើសផ្សេងៗ (ដូចជាការជះទឹកអាស៊ីដដើម) ការពារសុវត្ថិភាព សុខភាពមនុស្ស សត្វ និងការពារបរិស្ថាន ដូចជា៖ -ការពារការយកសារធាតុគីមីទៅប្រើក្នុងផលិតផលម្ហូបអាហារមិនត្រឹមត្រូវ ខុសលក្ខណៈបច្ចេកទេស ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបង្កើតឲ្យមានផលិតផលក្លែងក្លាយ -ការពារគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ដូចជាកម្មករធ្វើការនៅកន្លែងដែលមានសារធាតុគីមី -ការទុកដាក់សារធាតុគីមីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបណ្តាលឲ្យមានការផ្ទុះ ឬ ឆាបឆេះ -ត្រូវដាក់ស្លាកសញ្ញាលើសារធាតុគីមីនីមួយៗឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកប្រើប្រាស់មានភាពងាយ ស្រួល និងស្គាល់សារធាតុគីមី និងសញ្ញាគ្រោះថ្នាក់ច្បាស់លាស់ -ការពារការបំពុលបរិស្ថាន ដែលបណ្តាលមកពីកាកសំណល់រាវ រឹង និងឧស្ម័នដែលហូរចេញពីរោងចក្រ។