ក្រសួងបរិស្ថាន បានកំពុងរៀបចំវេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ២០១៦ ដែលជាព្រឹត្តិការណ៍ដំបូងបង្អស់និងក្នុងទ្រង់ទ្រាយធំសម្រាប់និស្សិតកម្រិតបរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យចំនួន១៦ ក្នុងរាជធានីភ្នំពេញ ដើម្បីជជែកពិភាក្សាគ្នាអំពីបញ្ហាបរិស្ថាន ដោយផ្តោតលើវិស័យកិច្ចគាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងអភិវឌ្ឍន៍ដោយចីរភាព។ គោលបំណងនៃកិច្ចផ្តួចផ្តើមនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យុវជនក្នុងការជជែកវែកញែក និងស្វែងរកលទ្ធផលសិក្សាស្រាវជ្រាវថ្មីៗអំពីបញ្ហាបរិស្ថាន ដែលជាគុណតម្លៃដល់ការចែករំលែកចំណេះដឹងនិងព័ត៌មានដល់សាធារណជន។ពិធីបើកនៃការប្រកួតវគ្គដំបូង បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៦ខែកញ្ញា ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC) ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ប្រធានបទនៃការជជែកពិភាក្សាក្នុងវគ្គដំបូងនេះ គឺទាក់ទងនឹងកិច្ចគាំពារបរិស្ថាន លើប្រធានបទ ១)ការប្រើប្រាស់ថង់ប្លាស្ទិក គួរត្រូវហាមឃាត់, ២)ផលិតផលជជុះ គួរត្រូវហាមនាំចូលប្រទេសកម្ពុជា។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «វេទិកានេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ឱ្យនិស្សិតបានបញ្ចេញនូវមតិទស្សនៈ និងយោបល់ទាក់ទងនឹងវិស័យបរិស្ថាន។ ការចូលរួមចំណែករបស់ប្អូនៗនិស្សិត មានភាពចាំបាច់ណាស់ក្នុងកិច្ចការពារបរិស្ថាន ដើម្បីធ្វើអោយប្រទេសជាតិទាំងមូលទទួលបាននូវបរិស្ថានស្អាត»៕