ខេត្តកំពង់ចាម៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពីការអប់រំបរិស្ថានសម្រាប់គរុសិស្ស នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការនៃក្រសួងបរិស្ថាន លោកគ្រូ អ្នកគ្រូ និងគរុសិស្សសរុប២០០នាក់។ សិក្ខាសាលានេះមានគោលបំណងពង្រឹងចំណេះដឹង បរិស្ថានដល់គរុសិស្ស ដើម្បីឱ្យពួកគាត់យកចំណេះដឹងបរិស្ថានទាំងអស់ទៅបង្រៀនបន្តដល់សិស្សានុសិស្ស នៅពេលដែលពួកគាត់ក្លាយជាគ្រូបង្រៀននាពេលដ៏ខ្លីខាងមុខ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវអគ្គនាយក បានជម្រុញឱ្យគរុសិស្សទាំងអស់ដែលកំពុងសិក្សានៅទីនេះ ខិតខំប្រឹងប្រែង រៀនសូត្រ និងក្លាយជាបុគ្គលបរិស្ថាន ដើម្បីប្រែក្លាយប្រទេសរបស់យើងមានភាពស្រស់ស្អាត និងបៃតង។